ប្រព័ន្ធគ្រប់គ្រងមាតិកាគេហទំព័រ
តើអ្វីទៅជា ប្រព័ន្ធគ្រប់គ្រងមាតិកាគេហទំព័រ?
នៅពេលបច្ចុប្បន្ន គេហទំព័រទាំងធំ ទាំងតូច គឺគេពេញនិយមបំផុតការប្រើ ប្រព័ន្ធគ្រប់គ្រងមាតិកាគេហទំព័រ (ប.គ.ម.គ)។ ប្រព័ន្ធគ្រប់គ្រងមាតិកាគេហទំព័រ គឺមានន័យជាអង់គ្លេសថា Content Management System (CMS)។ ប្រព័ន្ធគ្របគ្រងមាតិកាគេហទំព័រ គឺជាកម្មវិធីវិបមួយដែលគេប្រើសម្រាប់គ្រង់គ្រងគេហទំព័ររបស់យើង ហើយងាយស្រួលក្នុងការប្រើប្រាស់ ទោះបីអ្នកពុំសូវចេះកូដច្រើនក៏ដោយ។ ប្រសិនបើអ្នកមិនចេះកូដសោះតែម្ដង ប្រាកដជាមិនអាចប្រើបានងាយស្រួលនោះទេ។ នៅសព្វថ្ងៃប្រព័ន្ធបែបនេះ មានច្រើនណាស់ តែប្រព័ន្ធដែលមានប្រជាប្រិយភាព និងទទួលការពេញនិយមប្រើជាងគេមានតែមួយចំនួនប៉ុណ្ណោះ ដូចជា៖ Joomla!, TYPO3, WordPress, Drupal។ ប្រព័ន្ធនិមួយៗមានលក្ខណៈពិសេស និង រូបរាងខុសៗគ្នា ហើយក៏មានមុខងារផ្សេងៗគ្នាដែរ។ ខ្ញុំនឹងបង្ហាញនូវលក្ខណៈពិសេសរបស់ប្រព័ន្ធនិមួយៗ ដោយសេចក្ដីសង្ខេប។
១. Joomla!

Joomla! បានបង្កើតចេញនូវកំណែទី១ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៥ ដោយបានប្ដូរស្លាកសញ្ញារបស់ Mambo កំណែ 4.5.2.3 ហើយក៏បានកែនូវចំណុចកំហុសមួយចំនួនរបស់ Mambo កំណែនោះផងដែរ។
Joomla! បានដាក់ឲ្យប្រើនូវកំណែ 1.5 នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៨។
Joomla! កំណែ 1.6.0 បានដាក់ឲ្យប្រើនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១១។ ហើយកំណែនេះបានបន្ថែមនូវលក្ខណៈពិសេសមួយចំនួនទៀត និងបានបង្កើនប្រសិទ្ធភាពនៃផ្នែកគ្រប់គ្រង បានស្រស់ស្អាតជាងមុន។
Joomla! កំណែ 1.7.0 នឹងដាក់ចេញឲ្យប្រើនៅក្រោយខែកក្កដា ឆ្នាំ២០១១ ខាងមុខនេះ។
លក្ខណៈពិសេសរបស់ Joomla! កំណែ 1.6៖
- ការគ្រប់គ្រងសមាជិក (User Management)៖ Joomla! មាននូវប្រព័ន្ធចុះឈ្មោះ ដែលអាចឲ្យសមាជិកផ្សេងៗ អាចចូលរួមសរសេរអត្ថបទ ឬ ចូលរួមក្នុងតំបន់បណ្ដាញរបស់យើងក្នុងគោលការណ៍ពិភាក្សាអំពីអ្វីមួយ។ ហើយមានប្រភេទសមាជិកចំនួន ៩ ផ្សេងៗពីគ្នា។
- ឧបករណ៍គ្រប់គ្រងការកម្សាន្ត (Media Manager)៖ ជាទីកន្លែងដែលអនុញ្ញាតឲ្យអ្នក អាចគ្រប់គ្រងរាល់ឯកសារទាំងឡាយ ដែលបានផ្ទុកឡើងនៅក្នុងតំបន់បណ្ដាញរបស់អ្នក ហើយអាចប្រើវាក្នុងការចាប់យករូបនិមួយៗ ទៅដាក់ក្នុង អត្ថបទ បានយ៉ាងងាយស្រួល។
- ឧបករណ៍គ្រង់គ្រងភាសា (Language Manager)៖ ជាទីកន្លែងគ្រប់គ្រងភាសាសម្រាប់តំបន់បណ្ដាញរបស់អ្នក ហើយ Joomla! ស្គាល់គ្រប់ភាសានៅលើពិភពលោកដោយប្រើប្រភេទយូនីកូដ UTF-8 សម្រាប់ឯកសារភាសា។
- ការគ្រប់គ្រងផ្ទាំងបដា (Banner Management)៖ អ្នកនឹងទទួលបានការដាក់ផ្ទាំងបដា ផ្សាយអ្វីមួយ ដែលអ្នកចង់ផ្សាយ ដូចជាការផ្សាយពាណិជ្ជកម្ម ឬ ផលិតផលណាមួយជាដើម។
- ការបោះឆ្នោត (Polls)៖ ប្រសិនបើអ្នកចង់ស្ទង់មតិអ្នកទស្សនានានានោះ អ្នកអាចប្រើលក្ខណៈពិសេស ការបោះឆ្នោត ជាមួយនឹងជម្រើសផ្សេងៗទៀតជាច្រើន។
- ការស្វែងរក (Search)៖ អ្នកនឹងទទួលបានភាពងាយស្រួល ក្នុងការស្វែងរកមាតិកានានានៅក្នុងគេហទំព័ររបស់អ្នក។
- ការគ្រប់គ្រងតំណភ្ជាប់ (Web Link Management)៖ អ្នកអាចផ្ដល់ជាតំណភ្ជាប់ទៅកាន់គេហទំព័រនានាដែលមានប្រយោជន៍ សម្រាប់អ្នកទស្សនាគេហទំព័ររបស់អ្នក ហើយអ្នកក៏អាចដឹងអំពីចំនួនចុចទៅលើតំណភ្ជាប់ណាមួយផងដែរ។
- ការគ្រប់គ្រងមាតិកា (Content Management)៖ អ្នកនឹងទទួលបានភាពងាយស្រួល ក្នុងការគ្រប់គ្រងមាតិកាអត្ថបទរបស់អ្នកនៅក្នុងគេហទំព័រ។ អ្នកក៏អាចផ្ដល់សិទ្ធិឲ្យអ្នកចូលទស្សនា អាចធ្វើការវាយតម្លៃទៅលើអត្ថបទមួយនោះ ហើយពួកគេក៏អាចចែករំលែកទៅឲ្យមិត្តភ័ក្ដិរបស់ពួកគេក៏បាន។ ការបង្កើតអត្ថបទនិមួយៗ ត្រូវបានសរសេរឡើងជាមួយឧបករណ៍កែសម្រួល WYSIWYG (What You See Is What You Got , អ្វីដែលអ្នកឃើញគឺជាអ្វីដែលអ្នកទទួលបាន) ដែលអ្នកអាចដាក់រូបភាព, តំណភ្ជាប់ផ្សេងៗ នៅក្នុងអត្ថបទរបស់អ្នក។ ហើយរាល់អត្ថបទរបស់អ្នក ត្រូវបានរក្សាទុកជាឯកសារប្រើយូនីកូដ UTF-8 ដែលយូនីកូដប្រភេទនេះ ស្គាល់គ្រប់ភាសាទាំងអស់។
- ការគ្រប់គ្រងពុម្ពរូបរាង (Template Management)៖ ពុម្ពរូបរាង គឺជារបស់មួយដែលធ្វើឲ្យគេហទំព័ររបស់អ្នក មានភាពស្អាត និងមានភាពទាក់ទាញ។ អ្នកអាចប្រើពុម្ពរូបរាង សម្រាប់គេហទំព័រទាំងមូល ឬ អាចចែកទីកន្លែងនិមួយៗឲ្យប្រើពុម្ពរូបរាងផ្សេងៗគ្នា។ ហើយពុម្ពរូបរាងនិមួយៗ តែងមានជម្រើសរៀងៗខ្លួន ដើម្បីឲ្យអ្នកប្រើប្រាស់ អាចកែតម្រូវតាមចិត្ត។
- ប្រព័ន្ធជំនួយដែលបានបញ្ចូលជាស្រេច (Integrated Help System)៖ Joomla! បានដាក់បញ្ចូលប្រព័ន្ធជំនួយ ដែលអាចឲ្យអ្នកប្រើប្រាស់ ស្វែងរកនូវកម្រងអត្ថបទស្ដីអំពីផ្នែកណាមួយរបស់ Joomla!។
- ប្រព័ន្ធលក្ខណៈពិសេស (System Features)៖ អ្នកអាចដំឡើងសមាសភាគ (Extensions) ជាមួយនឹង FTP ដោយមានភាពងាយស្រួល ហើយមានសុវត្ថិភាព។ អាចបង្កើនល្បឿនបើកទំព័រនិមួយៗបានតាម ការរក្សាទុកទិន្នន័យទំព័រដោយសម្ងាត់ (page caching)។ អ្នកគ្រប់គ្រង អាចធ្វើការទំនាក់ទំនងជាមួយនឹងសមាជិកម្នាក់ៗ ឬ ជាមួយនឹងសមាជិកគ្រប់គ្នា តាមរយៈ ប្រព័ន្ធផ្ញើសារជាបណ្ដុំ (mass mailing system)។
- សមាសភាគដែលមានភាពសម្បូរបែប (Powerful Extensibility)៖ នេះជាលក្ខណៈពិសេស មួយដែលអនុញ្ញាតឲ្យអ្នកធ្វើការកែប្រែគេហទំព័ររបស់អ្នក តាមតម្រូវការ។ នៅពេលបច្ចុប្បន្ននេះ Joomla! មានសមាសភាគជាច្រើន។
២. WordPress

WordPress ជាប្រព័ន្ធគ្រប់គ្រងមាតិកាគេហទំព័រ ដែលមានប្រជាប្រិយភាពជាងគេ ក្នុងចំណោមប្រព័ន្ធផ្សេងៗទៀត។ ព្រោះវាត្រូវបានបង្កើតឡើងជាលក្ខណៈ ប្លក់ (Blog, កំណត់ហេតុលើបណ្ដាញ ដូចជាគេហទំព័រសារព័ត៌មានជាដើម)។ ហើយប្រព័ន្ធមួយនេះ ក៏មានភាសាខ្មែរផងដែរ តែពុំទាន់មានភាពល្អនោះទេ ព្រោះតែកញ្ចប់ភាសានោះបានបង្កើតឡើងសម្រាប់ WordPress 2.0 (កំណែចាស់)។ ចំពោះកំណែថ្មីវិញ ខ្ញុំកំពុងតែធ្វើការបកប្រែបណ្ដើរៗហើយ នៅពេលនេះបញ្ចប់បាន៥៥%ហើយ។ នៅថ្ងៃខាងមុខខ្ញុំនឹងចងក្រងជាកូនសៀវភៅអេឡិចត្រូនិក (E-Book) សម្រាប់បង្រៀនឲ្យប្រើប្រាស់ WordPress ជាភាសាខ្មែរ។ WordPess ក៏មានលក្ខណៈពិសេសៗជាច្រើនផងដែរ តែខ្ញុំសុំលើកយកមកតែមួយចំនួនប៉ុណ្ណោះ។ មានដូចជា៖
- ការគោរពក្បួនខ្នាតបានត្រឹមត្រូវ៖ WordPress បានបញ្ជាក់យ៉ាងលម្អិតថា គ្រប់កំណែទាំងឡាយ ត្រូវបានគោរពតាមក្បួនខ្នាតរបស់ W3C។
- ទំព័រ (Pages)៖ អនុញ្ញាតឲ្យអ្នកអាចបង្កើតនូវទំព័រជាច្រើនផ្សេងពីគ្នា។ ដូចជាទំព័រ៖ អំពី, ទាញយក, ….។ល។
- តំណភ្ជាប់ (Links)៖ អនុញ្ញាតឲ្យអ្នកបង្កើត, គ្រប់គ្រង និង ធ្វើបច្ចុប្បន្នកម្មទៅលើ បណ្ដុំតំណភ្ជាប់នានានៅលើគេហទំព័ររបស់អ្នក។ ដែលជាវិធីអាចឲ្យគេហទំព័រយើង និង គេហទំព័រអ្នកដទៃ មានចងភ្ជាប់ទំនាក់ទំនងទៅវិញទៅមក ហើយអាចមានអ្នកចូលទស្សនាគេហទំព័រទាំងពីរបានច្រើន។
- ពុម្ពរូបរាង (Themes)៖ ជាលក្ខណៈពិសេសមួយ ដែលនាំឲ្យគេហទំព័ររបស់លោកអ្នក មានភាពទាក់ទាញ ដោយសារពុម្ពរូបរាង ដែលអ្នកបានជ្រើសរើសយកមកប្រើ។ សព្វថ្ងៃនេះមានពុម្ពរូបរាងជាច្រើន ដែលត្រូវបានដាក់ឲ្យទាញយកទៅប្រើ។
- ឧបករណ៍ទំនាក់ទំនងឆ្លងប្លក់ (Cross-blog communication tools)៖ WordPress បានទទួលស្គាល់យ៉ាងពេញលេញនូវ ការតានដាន(Trackback) និង ការតភ្ជាប់ (Pingback) ក្រៅពីនេះ WordPress នឹងព្យាយាមធ្វើឲ្យស្គាល់នូវឧបករណ៍ផ្សេងៗទៀត នៅពេលអនាគត។
- មតិ (Comments)៖ អ្នកទស្សនាគេហទំព័ររបស់អ្នកទាំងឡាយ នឹងមានសិទ្ធិក្នុងការដាក់មតិទៅលើអត្ថបទបាន។ ហើយអ្នកអាចបិទ ឬ បើក ការដាក់មតិបានផងដែរ នៅលើអត្ថបទនិមួយៗ។
- ការការពាររបស់ឥតបានការ (Spam protections)៖ WordPress បានបង្កើតឡើងនូវប្រព័ន្ធការពាររបស់ឥតបានការ ដែលបានការពារគេហទំព័ររបសជៀសផុតពីការឆាឆៅពីសំណាក់មេរោគជាដើម។ ទោះបីជា WordPress មានប្រព័ន្ធនេះក៏ដោយ ក៏វាមិនទាន់រឹងមាំដែរ។ យើងត្រូវការកម្មវិធីបន្ថែមមួយចំនួនទៀត ដើម្បីបន្តឹងភាពរឹងមាំឲ្យខ្លាំងជាង។ ខ្ញុំសុំណែនាំឲ្យប្រើកម្មវិធីបន្ថែមឈ្មោះ៖ block spam by math។
- ការចុះឈ្មោះសមាជិកយ៉ាងពេញលេញ (Full user registeration)៖ WordPress មានភ្ជាប់ប្រព័ន្ធចុះឈ្មោះមកជាមួយស្រាប់។ លោកអ្នកអាចរើសជម្រើស ដើម្បីអនុញ្ញាតឲ្យអ្នកទស្សនាអាចចុះឈ្មោះនៅលើគេហទំព័ររបស់អ្នកបាន, ដាក់មតិបាន (ចំពោះអត្ថបទដែលអាចដាក់មតិបានតែសមាជិក
- ការពារប្រកាសន៍ដោយពាក្យសម្ងាត់ (Password Protected Posts)៖ អ្នកអាចការពារប្រកាសន៍ (អត្ថបទ) ឯកជនដោយប្រើពាក្យសម្ងាត់ ដើម្បីលាក់បាំងពីសាធារណៈ។ អ្នកអាចបង្កើតនូវប្រកាសន៍ ដែលអាចមើលបានតែអ្នកនិពន្ធផងដែរ។
- ងាយស្រួលក្នុងការដំឡើង និង ការធ្វើឲ្យប្រសើរ (Easy installations and upgrades)៖ ការដំឡើង និង ធ្វើឲ្យមានការប្រសើរចំពោះ WordPress ពីកំណែមុនៗ គឺមានការងាយស្រួល។ សាកល្បងទៅ អ្នកនឹងឆ្ងល់ថា ម៉េចបានកម្មវិធីវិបផ្សេងៗ មិនស្រួលដូចបែបនេះ។
- ងាយស្រួលក្នុងការនាំចូល (Easy Importing)៖ នៅពេលបច្ចុប្បន្ន WordPress ឧបករណ៍នាំចូលរបស់ពី Textpattern, Greymatter, Blogger, និង b2។ ចំណែកឯឧបករណ៍នាំចូលពី Nucleus និង pMachine គឺកំពុងស្ថិតនៅក្រោមការស្ថាបនា។
៣. TYPO3

TYPO3 មានលក្ខណៈពិសេសជាច្រើន តែខ្ញុំសូមលើកយកមកបង្ហាញដោយសង្ខេប៖
- ទំព័រគ្រប់គ្រង៖
- ពហុគេហទំព័រ
- ពហុដូមែន
- គ្រប់គ្រងសមាជិក / ក្រុមសមាជិក
- ការផ្លាស់ប្ដូរសមាជិក
- ដំឡើង/ដំឡើងកម្រិត សមាសភាគ (Extension)
- ការគ្រប់គ្រងមាតិកា៖
- បញ្ចូលអក្សរ, រូបភាព, វីដេអូ, ព័ត៌មាន
- ប្រើគំនូររចនា កំណត់លើរូបរាងគេហទំព័រ
- ម៉ឺនុយកែប្រែដោយស្វ័យប្រវត្តិ ពេលកែប្រែរចនាសម្ព័ន្ធទំព័រ
- ការមើលអត្ថបទជាមុន
- ការប្រើប្រាស់យ៉ាងទូលំទូលាយ៖
- មានគេហទំព័រប្រើ TYPO3 ច្រើនជាង ០.៥លាន
- មានក្រុមហ៊ុនប្រហែល ៥០០០ នៅជុំវិញពិភពលោក ផ្ដល់សេវាកម្ម TYPO3 ជូនអតិថិជន
- អ្នកអភិវឌ្ឍន៍គេហទំព័រអាចបង្កើតបន្ថែមនូវសមាសភាគ (Extension) ដែលបច្ចុប្បន្ន មានចំនួនជាង ៤០០០ រួចមកហើយ ដែលដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ
- ក្រុមអ្នកអភិវឌ្ឍន៍ TYPO3 ត្រួតពិនិត្យយ៉ាងខ្ជាប់ខ្ជួនលើសុវត្ថិភាពកូដ
- លក្ខណៈសម្បត្តិ៖
- គេហទំព័រផ្ទាល់ខ្លួន៖ លឿន និង ងាយស្រួលក្នុងការកែប្រែមាតិកា
- គេហទំព័រកម្រិតមធ្យម៖ កំណត់សិទ្ធិឲ្យអ្នកប្រើ ផ្សេងៗគ្នា, ចេញផ្សាយទៅតាមពេលកំណត់, ល្បឿនលឿន, អាចបញ្ចូលគ្នាជាមួយប្រព័ន្ធផ្សេងទៀត
- ស្គាល់គ្រប់ភាសា
៤. Drupal

ខ្ញុំសូមលើកយកលក្ខណៈពិសេសរបស់ Drupal 7 មកបង្ហាញដោយសង្ខេប៖
- មាតិកាដែលអាចបត់បែនបាន (Flexible Content)៖ កំណត់វាលផ្ទាល់ខ្លួន ដែលអាចប្រើក្នុងប្រភេទមាតិកា, សមាជិក, មតិ, លក្ខខណ្ឌ, និងផ្សេងៗទៀត។ ទិន្នន័យទាំងនេះត្រូវបានរក្សាទុកនៅក្នុង SQL, NoSQL, ឬ ប្រើឃ្លាំងផ្ទុកពីចម្ងាយ (remote storage)។
- ពុម្ពរូបរាងល្អជាងមុន (Better Theming)៖ គ្រប់គ្រងរាល់ទិដ្ឋភាពដែលបង្ហាញនៅលើអេក្រង់ ជាមួយនឹង API ថ្មីៗថែមទៀត។
- រូបភាព និង ឯកសារ (Images and Files)៖ ការបន្ថែមរូបភាពទៅក្នុងមាតិកានិមួយ ត្រូវបានបង្កើតស្រាប់មកជាមួយហើយ។ បង្កើតរូបតូចសម្រាប់បង្ហាញ, មើលរចនាបថរូបភាព អាចប្រើជារូបភាព ឯកជន ឬ សាធារណៈបាន។
- បានបង្កើនការស្គាល់បណ្ដុំទិន្នន័យ (Improved database support)៖ លក្ខណៈថ្មីនៃ បណ្ដុំទិន្នន័យត្រូវបានដាក់ឲ្យទទួលស្គាល់ ដែលមានដូចជា SQLite, MySQL/MariaDB, និង PostgreSQL. ដំឡើងកម្មវិធីបន្ថែមផ្សេតទៀតដើម្បីប្រើ MS SQL Server, Oracle, និងផ្សេងៗទៀត។


អត្ថបទនេះបានស្រាវជ្រាវ និងដកស្រង់ចេញខ្លះៗពី៖
- Joomla! : http://www.joomla.org/ , http://www.joomla.org/core-features.html
- WordPress : http://wordpress.org/about/features/
- TYPO3 : អត្ថបទបង្ហាញនៅក្នុងកិច្ចជំនួបក្រុមអ្នកប្រើ TYPO3 នៅឯក្រុមហ៊ុន Web-Essential ដែលឧបត្ថម្ភដោយបង កែវ វិស័យ, http://typo3.com/Feature-list.1628.0.html
- Drupal : http://www.drupal.org/drupal-7.0/
- http://en.wikipedia.org/
អត្ថបទទាក់ទង:
របៀបដំឡើងកម្មវិធី Joomla ក្នុងកុំព្យូទ័រឱ្យបានត្រឹមត្រូវ
របៀបដំឡើង Apache, MySQL, PHP5
- កម្មវិធីគ្រប់គ្រងក្រុម ឬ Group Management 1.0
- គេហទំព័រ W3Techs
- ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ
- តើមានគំនិតយ៉ាងណាដែរ?
- QQ Software manager
- Starry Hope Uploader កម្មវិធីផ្ទុករូបភាពឡើងទៅ Facebook នៅក្នុង Ubuntu
No comments:
Post a Comment